|
បច្ចុប្បន្នមន្ត្រីនគរបាលចរាចរកំពុងតែពេញចិត្តក្នុងការអនុវត្តច្បាប់ចរាចរណ៍ថ្មីដែលបានផ្តល់ឱកាសឲ្យពួកគេធ្វើការផាកពិន័យ អ្នកបើកបរយានយន្ត ម៉ូតូដោយមិនដាក់កញ្ចក់ មិនពាក់មួកសុវត្ថិភាព ឬម៉ូតូគ្មានស្លាកលេខក្នុងតម្លៃមួយលើសពីច្បាប់ដែលបានកំណត់។ លោក ឆែម ពេ ជាប្រជាពលរដ្ឋម្នាក់រស់នៅខេត្តសៀមរាប បានឲ្យដឹងថា «យោងតាមមាត្រា៨៨នៃច្បាប់ចរាចរណ៍ថ្មីដែលអនុម័តនៅឆ្នាំ២០០៧ តម្រូវឲ្យប៉ូលិសចរាចរណ៍ធ្វើការផាកពិន័យអ្នកបើកបរម៉ូតូយានយន្តដោយមិនពាក់ខ្សែក្រវ៉ាត់ ឬមួកសុវត្ថិភាពត្រឹមតែ៣០០០រៀល សម្រាប់ម៉ូតូ ប៉ុន្តែការអនុវត្តជាក់ស្តែងមន្ត្រីប៉ូលិសចរាចរណ៍បានផាកពិន័យម្តងនូវចំនួនទឹកប្រាក់៥០០០-១០០០០រៀលដោយគ្មានចេញលិខិតស្នាមអ្វីបញ្ជាក់សោះ»។ លោកបានឲ្យដឹងថា៖« នៅពេលឈប់សំរាកពីការងារ ខ្ញុំបានជិះម៉ូតូជាមួយពួកម៉ាកទៅលេងស្រុកកំណើតលុះពេលត្រឡប់មកវិញភ្លេចពាក់មួកសុវត្ថិភាពពេលដល់ពាក់កណ្តាលផ្លូវត្រូវប៉ូលិសចរាចរពួនស្ទាក់ឃាត់ម៉ូតូរបស់ខ្ញុំនិងបានធ្វើការផាកពិន័យចំនួន៥០០០រៀល។ ខ្ញុំទាមទាររកលិខិតបញ្ជាក់ការផាកពិន័យបែរជាប៉ូលិសទាមទារលុយពីខ្ញុំ១០០០០រៀលវិញ ខ្ញុំប្រកែកមិនឈ្នះក៏យល់ព្រមឲ្យ១០០០០រៀលទៅ»។ លោកបាននិយាយថា មន្ត្រីនគរបាលមួយចំនូនបានយកការអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មីនេះទៅរកស៊ីគាបសង្កត់កេងប្រវ័ញ្ចលុយកាក់ពីប្រជាពលរដ្ឋស្លូតត្រង់នៅតាមទីជនបទដាច់ស្រយាល មិនសូវបានសិក្សាស្វែងយល់ពីច្បាប់ចរាចរឲ្យបានច្បាស់លាស់មានការខុសឆ្គងម្តងម្កាលបង្ខំឲ្យអ្នកបង់លុយដើម្បីយកដាក់ហោប៉ៅធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនដោយគំរាមថា «ខុសច្បាប់ ចំណែកឯខ្លួនឯងដែលជាមន្ត្រីអនុវត្តច្បាប់បែរជាបើកបរមិនពាក់មួកសុវត្ថិភាព ម៉ូតូគ្មានកញ្ចក់ បែរជាមើលមិនឃើញទៅវិញ។ លោកបានបន្តថា «ការធ្វើបែបនេះប្រជាពលរដ្ឋអ្នកបើកបរយានយន្ត ម៉ូតូឌុបមួយចំនួនបាននិយាយរិះ គន់សមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់តែមិនគោរពច្បាប់ ហើយប្រើអំណាចតួនាទីកេងប្រវ័ញ្ចលុយកាក់ពីអ្នកស្លូតត្រង់ដោយគ្មានក្តីអនុគ្រោះ ជាពិសេសប្រជាពលរដ្ឋដែលមកពីជនបទដាច់ស្រយាលហើយពុំបានស្វែងយល់ពីច្បាប់ចរាចរណ៍ថ្មី អំពីការផាកពិន័យឲ្យបានច្បាស់លាស់។ លោក ឆែម ពេ បានបន្តថា «ប្រជាពលរដ្ឋខ្មែរមួយចំនួនខិតខំរកស៊ីរត់ម៉ូតូឌុបរកប្រាក់ចំណូលក្នុងមួយថ្ងៃបានត្រឹមតែ៥០០០រៀលទៅ១០០០០រៀល ពេលខ្លះត្រូវប៉ូលិសផាកពិន័យអស់រលីងគ្មានប្រាក់ទិញម្ហូបអាហារផ្គត់ផ្គង់ជីវភាពគ្រួសារ បាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃធ្វើឲ្យជីវភាពកាន់តែលំបាកថែមមួយកម្រិតទៀត»។ ចំណែកប៉ូលិសចរាចរវិញ មួយថ្ងៃៗបានប្រើគ្រប់វិធីសាស្ត្រ និងមធ្យោបាយដើម្បីពួនស្ទាក់ចាប់ម៉ូតូពួកគាត់ ជម្រិតយកប្រាក់ដាក់ហោប៉ៅរបស់ខ្លួនលើសពីតម្លៃដែលច្បាប់បានកំណត់ថែមទៀត»។ លោកបានមានប្រសាសន៍ថា «ដើម្បីលុបបំបាត់អំពើពុករលួយ និងកុំឲ្យប៉ូលិសចរាចរផាកពិន័យលើសពីច្បាប់កំណត់សូមឲ្យអ្នកបើកបរម៉ូតូ យានយន្តទាំងអស់ពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗ គ្នាព្រមទាំងដាក់កញ្ចក់ ឬផ្លាកលេខម៉ូតូ។ លើសពីនេះសុំឲ្យមន្ត្រីប៉ូលិសចរាចរធ្វើការផាកពិន័យជនប្រព្រឹត្តទៅតាមច្បាប់កំណត់ដើម្បីចូលរួមលើកកម្ពស់ ការគោរពច្បាប់ឲ្យបានត្រឹមត្រូវ និងរក្សាបាននូវភាពថ្លៃថ្នូរ»។ ខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជាមេត្តាជួយពង្រឹងការអនុវត្តច្បាប់ដល់មន្ត្រីប៉ូលិសចរាចរនៅមូលដ្ឋាននិងតាមដានត្រួតពិនិត្យចំពោះការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ កុំឲ្យមានមន្ត្រីខិលខូចមួយចំនួនឆ្លៀតឱកាសយកច្បាប់ទៅរកស៊ី ប្រព្រឹត្តអំពើពុករកលួយ កេងប្រវ័ញ្ចលុយកាក់ពីប្រជាពលរដ្ឋ ធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួនបង្កឲ្យមានការរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ និងប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ៕ |