| ពលរដ្ឋចោទមន្រ្តីតុលាការខេត្តកណ្ដាលថា ជំរិតទារប្រាក់ដើម្បីបញ្ចប់រឿងក្ដី |
|
|
|
| Sunday, 24 January 2010 , | |
|
ប្រជាពលរដ្ឋ រស់នៅស្រុកលើកដែក ខេត្តកណ្តាល បានចោទប្រកាន់ថា មន្រ្តីតុលាការខេត្តកណ្តាលមួយរូបបានជំរិតទារប្រាក់១.៥០០ដុល្លារ ជាការបញ្ចប់រឿងក្តីប្តឹងផ្តល់គ្នា ដែលកើតមានតាំងពីឆ្នាំ២០០៥ មកនោះ។ ប្រជាពលរដ្ឋរស់នៅស្រុកលើកដែក លោក យិន ផៃ បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃសៅរ៍ ទី២៣ ខែមករាថា ក្រុមគ្រួសារលោកមានការភ័យខ្លាចខ្លាំងណាស់នៅពេលដែលលោកមិនមានប្រាក់បង់ឲ្យតាមការជំរិតទារចំនួន១.៥០០ដុល្លារពីមន្រ្តីតុលាការ ខេត្តកណ្តាលមួយរូប កាលពីចុងខែធ្នូ ឆ្នាំ២០០៩កន្លងទៅនេះ ខណៈដែលលោកនិងកូនប្រសាឈ្មោះ ឱ អឿន ចូលទៅបំភ្លឺតាមដីកាកោះហៅរបស់ចៅក្រម ហួត ហៀង នៅបន្ទប់លេខ៣ នៃសាលាដំបូងខេត្តកណ្តាល ពីបទចោទថា បានបង្ករបួសស្នាម ប៉ុន្តែមន្រ្តីនោះពុំព្រមប្រាប់ឈ្មោះនិងតួនាទីនៅក្នុងតុលាការនោះទេ។ លោកបន្តថា ក្រោយពីលោកប្រកែកពុំមានលុយបង់ឲ្យ ពេលនោះគេបានគំរាមចាប់ឃុំខ្លួនកូនប្រសាលោកឈ្មោះ ឱ អឿន ជាចុងចោទតែម្តង។ លោក យិន ផៃ បានឲ្យដឹងដូច្នេះ ៖ «តុលាការហៅចូលបន្ទប់ទៅស្រាប់ តែទារ១.៥០០(ដុល្លារ) ហើយថា បើមិនឲ្យលុយទេគាត់ឲ្យខាងនគរបាលព្រហ្មទណ្ឌខេត្តមកឃាត់ខ្លួន ដល់នេះគាត់លើកទូរស័ព្ទចុចចុះចុចឡើងៗ គាត់ក៏ទារលុយទៀត។ នៅថ្ងៃទី១១ ខែ១ ២០១០ គាត់ទូរស័ព្ទមកសួរថា ម៉េចទៅរឿងលុយ? ខ្ញុំថា ខ្ញុំអត់មានលុយ។ គាត់ថា បើអត់លុយចេញដីកាចាប់ខ្លួន»។ លោក យិន ផៃ មានប្រសាសន៍ទៀតថា រឿងក្តីនេះកើតឡើងតាំងពីឆ្នាំ២០០៥ ជុំវិញការប្រកែកគ្នាបន្តិចបន្តួចជាមួយអ្នកជិតខាងដែលជាប់ជាសាច់ ញាតិផង ប៉ុន្តែបែរជាមានពាក្យបណ្តឹងថាឈ្មោះ ឱ អឿន ជាកូនប្រសាលោកបានបង្ករបួសស្នាមទៅវិញ។ លោក យិន ផៃ ឲ្យដឹងបន្តថា ៖ «កូនក្មួយយើងសោះ ហើយរឿងបេះស្លឹកងប់បន្តិចបន្តួចហ្នឹង វាកើតជារឿងបង់១.៥០០ឲ្យវា (តុលាការ) ខ្ញុំតូចចិត្តណាស់ ព្រោះខ្ញុំអត់បានប្រព្រឹត្តអីផង។ ខ្ញុំទាមទារឲ្យរកហេតុផលឲ្យខ្ញុំ ព្រោះខ្ញុំអត់វ៉ៃសោះ វាអត់មានហេតុផលអី ហើយកំណត់ហេតុប្រធានភូមិបានធ្វើកំណត់ហេតុជាមួយភាគីដែលខ្ញុំដឹក ដៃយកមកសួរហ្នឹង»។ វិទ្យុអាស៊ីសេរីពុំទាន់អាចទាក់ទងសុំការបំភ្លឺពីមន្រ្តីសាលា ដំបូងខេត្តកណ្តាល ជុំវិញការចោទប្រកាន់ខាងលើនេះបាននៅឡើយទេនៅថ្ងៃទី២៣ មករានេះ។ ប្រធានអង្គការ CNRO លោក ហៀង ឫទ្ធី ជាបណ្ឌិតផ្នែកច្បាប់ បានមានប្រសាសន៍ថា បញ្ហានេះនៅកម្ពុជាវាក្លាយជារឿងសាមញ្ញទៅហើយ។ លោកបន្តថា ប៉ុន្តែបើតាមផ្លូវច្បាប់ ប្រជាពលរដ្ឋគួរតែដាក់ពាក្យបណ្តឹងចំពោះជនខិលខូចនោះក្នុងបទ ឧក្រិដ្ឋជំរិតទារប្រាក់។ លោក ហៀង ឫទ្ធី មានប្រសាសន៍ដូច្នេះ ៖ «អានេះទៅក្នុងអត្ថន័យមួយទៀតគេហៅថា បទជំរិត។ ហ្នឹងជារឿងបទល្មើសមួយមានទោសពីបទអំពើល្មើសស្ដីពីចាប់ជំរិត»។ ទោះយ៉ាងណាក្តីក្រុមគ្រួសារលោក យិន ផៃ កំពុងមានការភ័យបារម្ភពីការគំរាមចេញដីកាចាប់ខ្លួនស្របពេលជាមួយ គ្នានេះ។ លោកកំពុងតែដើរស្វែងរកអ្នកច្បាប់ជួយអន្តរាគមន៍រកយុត្តិធម៌ជុំវិញ ករណីនេះ៕ Copyright © 1998-2010 Radio Free Asia. All rights reserved. ប្រភពដកស្រង់ចេញពី វិទ្យុអាស៊ីសេរី
|
| < Prev | Next > |
|---|














