| អតីតពលរដ្ឋនៅដីក្រហមប្រារព្ធខួប១ឆ្នាំនៃការបណ្ដេញចេញ |
|
|
|
| Tuesday, 26 January 2010 , | |
|
អតីតអ្នករស់នៅតំបន់ដីក្រហមប្រមាណ១៥០នាក់ តំណាងឲ្យប្រជាពលរដ្ឋ១៤៤គ្រួសារ ដែលត្រូវបានគេបណ្ដេញចេញពីដីធ្លី និងផ្ទះសម្បែងនៅសហគមន៍ដីក្រហមក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃ២៤ មករា ឆ្នាំ២០០៩ បានប្រារព្ធខួបគម្រប់មួយឆ្នាំនៃការបណ្ដេញចេញនេះ។ ពិធីរំឭកខួបលើកទី១នៃការបណ្ដេញចេញ បានប្រារព្ធធ្វើឡើងក្នុងវត្តស្វាយពពែ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ មករានេះ ដោយមានការនិមន្តព្រះសង្ឃសូតមន្តផងដែរ។ បន្ទាប់ពីពិធីសូតមន្តបានចប់សព្វគ្រប់ អតីតប្រជាពលរដ្ឋនៃសហគមន៍ដីក្រហម បានដើរហែក្បួនទៅរៀបចំពិធីអុជធូបទៀននៅទីតាំងនៃអតីតសហគមន៍ដី ក្រហមដែលត្រូវបានព័ទ្ធរបងស័ង្កសីជិតនិងកាន់កាប់ដោយក្រុមហ៊ុន 7NG។ នៅឯទីតាំងដីនៃអតីតសហគមន៍ដីក្រហម ដែលបច្ចុប្បន្នជាកម្មសិទ្ធិរបស់ក្រុមហ៊ុន7NG តំណាងអតីតប្រជាពលរដ្ឋនៅសហគមន៍ដីក្រហម លោក ចាន់ វិចិត្រ បានអានសេចក្ដីថ្លែងការណ៍ក្នុងឱកាសខួបគម្រប់មួយឆ្នាំ ដោយបញ្ជាក់ពីការឈឺចាប់ដែលពួកគាត់មានប្រសាសន៍ថា មិនអាចបំភ្លេចបាន។ លោក ចាន់ វិចិត្រ បានថ្លែងយ៉ាងដូច្នេះ ៖ «ប្រជាពលរដ្ឋអ្នកសហគមន៍ ដីក្រហមនៅតែចងចាំអស់មួយជីវិតនូវអំពើអមនុស្សធម៌ ព្រៃផ្សៃ សាហាវយង់ឃ្នង រំលោភបំពានសិទ្ធិមនុស្សនិងសិទ្ធិរស់នៅ ដែលយើងចាត់ទុកថា ជាវាលពិឃាតទី២»។ នាយកប្រតិបត្តិនៃ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក យ៉េង វីរៈ បានអំពាវនាវសូមឲ្យមានការគោរពសិទ្ធិមនុស្សនិងសូមកុំឲ្យមានការ បណ្ដេញចេញតទៅទៀត។ លោក យ៉េង វីរៈ បានអំពាវនាវដូច្នេះ ៖ «មន្រ្តីអនុវត្តច្បាប់បានបំពានលើច្បាប់ហ្នឹង ហើយយកច្បាប់មកបង្កើតឲ្យមានការឈឺចាប់ទៅវិញ»។ ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានសម្ដែងនូវការអាណិតអាសូរចំពោះប្រជាពលរដ្ឋក្រីក្រដែលបានបង្ខំ ចិត្តទៅរស់នៅឆ្ងាយពីទីក្រុង ពីសាលារៀននៃកូនចៅរបស់ពួកគាត់និងពីទីកន្លែងប្រកបរបររកស៊ី។ លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក មានប្រសាសន៍ដូច្នេះ ៖ «បើ រដ្ឋាភិបាលលោកចង់អភិវឌ្ឍកន្លែងត្រង់ណា សូមលោកមេត្តាជួយឲ្យបងប្អូនឲ្យមានបានសំណងឲ្យបានសមរម្យ ជួយអ្នកក្រឲ្យរស់សិនមុននឹងជួយអ្នកមានឲ្យមានថែម»។ ក្នុងពិធីអុជធូបទាននៅក្បែររបងនៃក្រុមហ៊ុន7NG ប្រជាពលរដ្ឋបានប្រើពាក្យទ្រគោះបោះបោកធ្ងន់ៗដល់អ្នកដែលបានបណ្ដេញ ពួកគាត់ហើយយកដីធ្លីរបស់ពួកគាត់នោះ ៖ «អស់លោកបំពានលើសិទ្ធិប្រជាពលរដ្ឋនៅដីក្រហមទាំងប៉ុន្មានសប្បាយប៉ុណ្ណាឲ្យអ្នកឯងឈឺចាប់លើសអ្នកដីក្រហម១០០ដង»។ អតីតអ្នករស់នៅក្នុងសហគមន៍ដីក្រហមត្រូវបានកងកម្លាំងចម្រុះរបស់ សាលាក្រុងភ្នំពេញ និងកម្មកររបស់ក្រុមហ៊ុន7NG បណ្ដេញចេញពីដីធ្លីនិងផ្ទះសម្បែងកាលពីថ្ងៃទី២៤មករា ឆ្នាំ២០០៩។ រហូតមកដល់ពេលនេះពួកគាត់ បានបង្ខំចិត្តទទួលយកផ្ទះល្វែងនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ។ ប្រជាពលរដ្ឋភាគច្រើនបានលក់ផ្ទះហើយត្រឡប់មកជួលផ្ទះរស់នៅក្នុង ទីក្រុងភ្នំពេញវិញដោយពួកគាត់អះអាងថា ទីតាំងថ្មីពុំមានហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសទឹកនិងភ្លើងហើយម្យ៉ាងទៀតនៅឆ្ងាយពីកន្លែងប្រកបរបរ ទទួលទាន៕ Copyright © 1998-2010 Radio Free Asia. All rights reserved. ប្រភពដកស្រង់ចេញពី វិទ្យុអាស៊ីសេរី |
| < Prev | Next > |
|---|














