|
សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងអំពើពុករលួយ |
|
|
|
|
Wednesday, 27 January 2010
,
សរសេរដោយ « ស្នាយពល »
|
|
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលបន្តការអនុវត្តន៍ ការអភិវឌ្ឍន៍ ជាពិសេសការបន្តយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងអំពើពុករលួយលើគ្រប់រូបភាពគ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសតាមរយៈការចាត់វិធានការការអប់រំ បង្ការ ទប់ស្កាត់ និងបង្រ្កាបចាប់តាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៣។ ការប្តេជ្ញានេះបានធ្វើឡើងកាលពីថ្ងៃទី២២ ខែមករា នៅពេលដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលចូលក្រាបបង្គំគាល់ព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី និងថ្វាយរបាយការណ៍ដ៏មានសារៈសំខាន់លទ្ធផលការងារនេះនៅក្នុងព្រះបរមរាជវាំង។
យោងតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាឱ្យដឹងថា នៅក្នុងសកម្មភាពប្រយុទ្ធអំពើពុករលួយកន្លងមកដោយមានការអប់រំ ផ្សព្វផ្សាយពីការប្រយុទ្ធប្រឆាំងអំពើពុករលួយតាមបណ្តាញព័ត៌មាន ព្រមទាំងបានអប់រំ និងបំផុសឱ្យមានការចូលរួមពីមហាជនផងនោះ រាជរដ្ឋាភិបាលបានរកឃើញភាពមិនប្រក្រតីក្នុងបញ្ជីមន្រ្តីរាជការ ស៊ីវិលនូវមន្រ្តីខ្មោច ពោលគឺមន្រ្តីដែលមានតែឈ្មោះក្នុងបញ្ជីបៀវត្សចំនួន ៨ពាន់នាក់ ទាហានខ្មោច និងកូនខ្មោចមួយចំនួនទៀត។ ដាក់ពិន័យការងារចំពោះមន្រ្តីតុលាការចំនួន ៤៩រូបក្នុងនោះរួមមានរូបភាពដកពីតំណែងចំនួន ១រូប បណ្តេញចេញ ព្យួរការងារផ្លាស់ប្តូរការងារដោយបង្ខំចំនួន ១៤រូប និងស្តីបន្ទោសចំនួន ៣៤រូប។ ដាក់ពិន័យរដ្ឋបាលចំពោះមន្រ្តីគយ នគរបាល និងមន្រ្តីរាជការស៊ីវិលចំនួន ៣៩រូបដែលបានឃុបឃិតអនុញ្ញាតឱ្យឈ្មួញនាំរថយន្តចង្កូតស្តាំចូល មកកម្ពុជា។ ធ្វើការបង្រ្កាប និងចាត់វិធានការប្រមូលដីព្រៃដែលកាន់កាប់ខុសច្បាប់មកទុកជា សម្បត្តិរដ្ឋវិញបានចំនួន ២២៧ ២៨៧ហិកតា ព្រមទាំងបានបញ្ជូនជនល្មើសដែលពាក់ព័ន្ធចំនួន ១៥នាក់ទៅតុលាការ។ ធ្វើការដោះស្រាយករណីវិវាទដីធ្លីចប់សព្វគ្រប់ចំនួន ៤៧ករណីលើ ១២៥៩ករណីដែលបានទទួលបណ្តឹងស្មើនឹង ៥៩៥៩គ្រួសារគិតជាផ្ទៃដីប្រមាណ ២៧១៤៩ហិកតា។ របាយការណ៍ពីទូរទស្សន៍ជាតិកម្ពុជាបានបញ្ជាក់ទៀតថា ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ រាជរដ្ឋាភិបាលក៏បានបង្រ្កាបបទល្មើសគ្រឿងញៀនបានចំនួន ១២៤ករណី និងចាប់ខ្លួនជនល្មើសបានចំនួន ២៤៨៣ករណី។ ដោយឡែកសម្រាប់រយៈពេល ៩ខែដើមឆ្នាំ២០០៩ បង្រ្កាបបាន ២៣២ករណី និងចាប់ខ្លួនជនល្មើសបានចំនួន ៤៦២នាក់។ បង្រ្កាបបទល្មើសនេសាទបានចំនួន ១៩៤៨ករណីនៅឆ្នាំ២០០៨ ដោយឡែកសម្រាប់រយៈពេល ៨ខែដើមឆ្នាំ២០០៩ បង្រ្កាបបានចំនួន ១៤៤០ករណី។ បង្រ្កាបបទល្មើសឈើបានចំនួន ៦៨៦ករណី ក្នុងនោះ ១៥៨ករណីត្រូវបានដោះស្រាយនៅតុលាការក្នុងឆ្នាំ២០០៨ ដោយឡែកសម្រាប់ ៨ខែដើមឆ្នាំ២០០៩ បង្រ្កាបបានចំនួន ៧៨ករណី។ នៅក្នុងការប្រយុទ្ធនឹងអំពើរត់គេចពន្ធនៅក្នុងឆ្នាំ១៩៩៩ បង្រ្កាបបាន ៦១៨ករណីតូច និង ៣០០ករណី ព្រមទាំងប្រមូលពន្ធអាករពីការបង្រ្កាបនេះបានចំនួន ៣១០១លានរៀល។ នៅឆ្នាំ២០០៨ បង្រ្កាបបាន ៣៩៣៨តូចនិង ២២៦ធំ និងប្រមូលពន្ធអាករពីការបង្រ្កាបនេះបានចំនួន ១៥៣៥៥លានរៀល ដោយឡែកក្នុងរយៈពេល ៩ខែដើមឆ្នាំ២០០៩ បង្រ្កាបបាន ៥០៧១ករណីតូចនិង ២៤៤ករណីធំ និងប្រមូលពន្ធអាករពីការបង្រ្កាបនេះបានចំនួន ១២៩៨៧លានរៀល។ ជារួម ការទប់ស្កាត់និងបង្រ្កាបអំពើរត់ពន្ធបានចូលរួមវិភាគទានធ្វើឱ្យចំណូលពន្ធគយ និងអាករកើនជាបន្តបន្ទាប់ ដែលជាក់ស្តែងចំណូលពន្ធនិងអាករដែលប្រមូលដោយគយសម្រេចបាន ៨១២ ៦៣១លានរៀលសម្រាប់ឆ្នាំ១៩៩៩ និងសម្រេចបានរហូតដល់ ២ ៨៤៣ ៧៦៤លានរៀលសម្រាប់ឆ្នាំ២០០៨ និងសម្រេចបាន ១ ៨៤៣ ៩៤៤លានរៀលសម្រាប់រយៈពេល ៩ខែដើមឆ្នាំ២០០៩ នេះ។ នៅក្នុងវិស័យយុតិ្តធម៌ចាប់តាំងពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៩ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានផ្លាស់ប្តូរ និងតែងតាំងចៅក្រម និងព្រះរាជអាជ្ញាចំនួន ៤៣៦នាក់ដាក់ឱ្យចូលនិវត្តន៍នូវចៅក្រម និងព្រះរាជអាជ្ញាចំនួន ៤៥នាក់ ព្រមទាំងដាក់ពិន័យចៅក្រមនិងព្រះរាជអាជ្ញាចំនួន ៧៣នាក់។ នៅក្នុងសវនាការនេះ ព្រះមហាក្សត្របានថ្លែងនូវការកោតសរសើរចំពោះសម្តេចប្រមុខរាជ រដ្ឋាភិបាលដែលបានថ្វាយរបាយការណ៍យ៉ាងក្បោះក្បាយ និងច្បាស់លាស់ដែលបង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោក្នុងកិច្ចការប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយ ក៏ដូចជាការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិនោះ។ ព្រះមហាក្សត្រក៏បានកោតសរសើរផងដែរចំពោះសម្តេចតេជោ ហ៊ុន សែន ជាអ្នកស្នេហាជាតិឧត្តងឧត្តមដែលបាននាំមកនូវសេចក្តីសុខសន្តិភាព ជូនប្រទេសជាតិ ដោយបានខិតខំដឹកនាំកសាងសេដ្ឋកិច្ចឱ្យមានការរីកចម្រើនជាបន្ត បន្ទាប់ ដែលក្នុងនោះមានការប្រយុទ្ធប្រឆាំងអំពើពុករលួយ អភិបាលកិច្ចល្អក្នុងការដឹកនាំ និងគ្រប់គ្រងរដ្ឋ ក៏ទទួលបានជោគជ័យយ៉ាងធំធេងគួរជាទីមោទនភាពខ្ពស់ ដើម្បីនាំមកនូវភាពស្អាតស្អំ យុតិ្តធម៌ និងការរីកចម្រើនថ្កុំថ្កើងនៅក្នុងសង្គមជាតិយើង។ សកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុក រលួយដោយផ្អែកលើសសរទ្រូង៣ ជាសំខាន់គឺ ទី១-ការអប់រំទប់ស្កាត់ ទី២-ការចូលរួមរបស់មហាជន និងទី៣-ការអនុវត្តន៍ច្បាប់បង្រ្កាបបទល្មើស។ សម្តេចតេជោមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានរៀបចំនិងពង្រឹងហេដ្ឋារចនាសម្ព័ន្ធច្បាប់ និងយន្តការស្ថាប័នប្រឆាំងអំពើពុករលួយដែលការងារនេះរាជរដ្ឋាភិបាល បានយល់ច្បាស់ថា ច្បាប់ស្តីពីការប្រឆាំងនឹងអំពើពុករលួយគឺជាមូលដ្ឋានគតិយុត្តិ មួយមិនអាចខ្វះបានសម្រាប់ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ប្រកបដោយប្រសិទ្ធភាព។ ច្បាប់នេះនឹងរួមចំណែកធ្វើឱ្យសង្គមកាន់តែស្អាតស្អំតាមរយៈការ ផ្តល់អំណាចដល់ស្ថាប័នប្រឆាំងអំពើពុករលួយ។ នៅក្នុងការអនុវត្តន៍ជាក់ស្តែង បើទោះបីជាមិនទាន់មានច្បាប់ប្រឆាំងអំពើពុករលួយក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅ លើការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរនេះតាមរយៈការដាក់ចេញនូវ ផែនការសកម្មភាពអភិបាលកិច្ចជាប្រព័ន្ធនិងជាខ្សែសង្វាក់ ព្រមទាំងការជំរុញអនុវត្តវិធានការច្បាប់មុតស្រួចមួយចំនួនដូចជា ច្បាប់ព្រៃឈើ ច្បាប់ភូមិបាល ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ច្បាប់ស្តីពីគយ អនុក្រឹត្យស្តីពីលទ្ធកម្មសាធារណៈ បទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រាន់ចំណូលមិនមែនសារ ពើពន្ធ ក្រមសីលធម៌វិជ្ជាជីវៈរបស់មន្រ្តីរាជការគយ និងរដ្ឋករ។ បន្ថែមពីលើនេះ ក្រមព្រហ្មទណ្ឌដែលទើបត្រូវបានអនុម័តដោយស្ថាប័ននីតិប្បញ្ញត្តិក៏មានចែងចំនួន ៤០មាត្រាដែលពាក់ព័ន្ធជាមួយនឹងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផងដែរ។ រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការពង្រឹង អង្គភាពប្រឆាំងនឹងអំពើពុករលួយរួមជាមួយនឹងការដាក់ទណ្ឌកម្មខាង វិន័យរដ្ឋបាល និងការបញ្ជូនទៅតុលាការនូវមន្រ្តីដែលបានប្រព្រឹត្តកំហុស ពាក់ព័ន្ធនឹងអំពើពុករលួយ។ កម្ពុជាបានចូលជាសមាជិកនៃគំនិតផ្តួចផ្តើមប្រឆាំងអំពើពុករលួយ របស់ធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គភាពសម្រាប់កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច និងអភិវឌ្ឍន៍សម្រាប់អាស៊ី និងប៉ាស៊ីហ្វិកចូលជារដ្ឋភាគីនៃអនុសញ្ញអង្គការសហប្រជាជាតិស្តី ពីការប្រឆាំងនឹងអំពើពុករលួយចូលជាភាគីនៃអនុស្សរណៈនៃកាយោគយល់ គ្នាស្តីពីការបង្ការទប់ស្កាត់នឹងការប្រយុទ្ធអំពើពុករលួយរបស់ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍៕ ដកស្រង់ចេញពីៈ -កាសែតកម្ពុជាថ្មី ច្បាប់ចេញផ្សាយ ឆ្នាំទី៩ លេខ២១៦០ ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០១០។ |